ទេសចរណ៍ធម្មជាតិកោះដាច់ អរិយក្សត្រ ឧកញ៉ាតី
១៥ធ្នូ២៥៦៣ ចេញដំណើរពីផ្ទះតាំងពីម៉ោងប្រាំគត់ឆ្ពោះទៅជួបជុំគ្នានៅវិមានឯករាជ្យដើម្បី ជិះកង់កម្សាន្ត ឆ្ពោះទៅគោលដៅកោះដាច់ ដែលជារម្មនីយដ្ឋានធម្មជាតិ។
ក្រោយជួបជុំគ្នាហើយ ប្រហែលម៉ោង៦ក្រុមកង់បាន វិលកងចក្រតាមកំពង់ដរអរិយក្សត្រ ជិះរបតាមមាត់ទន្លេមេគង្គប៉ែកខាងកើត ដែលអមដោយទេសភាពស្រស់បំព្រងរុក្ខាតូចធំអមដងវិថីនាពេលអរុណ និងសម្លេងបក្សី យំឆ្លើយឆ្លងចចេកចាច លើមែករុក្ខា ជាតន្ត្រីធម្មជាតិកំដរអារម្មណ៍អ្នកទេសចរណ៍នានា។
តាមដងផ្លូវរលាក់ដោយគ្រហុកខ្លះ រាបស្មើដោយចាក់បេតុងខ្លះ ប៉ុន្តែមិនមានអ្វីជាឧបសគ្គសម្រាប់ក្រុមយើងឡើយ ដោយសារកង់ដែលយើងជិះជាប្រភេទកង់ភ្នំMTBដែលអាចប្រើបានគ្រប់ស្ថានភាពផ្លូវ។ ជិះបានយូរបន្តិច ក៏បានឈានដល់ចំការពោត ចេក និងដំណាំផ្សេងៗ ដែលមានផ្ទែបៃតងខៀវខ្ចី ទាក់ទាញអ្នកទេសចរណ៍ ឲ្យស្ងប់អារម្មណ៍ ភ្លេចការនឿយហត់។ យូរៗម្តង យើងឮសម្លេងសើច និងពាក្យញ៉ោះគ្នាតាមបែបអ្នកលេងកង់ ដោយក្តីរីករាយ។
ពេលចូលដល់ដែនដីកោះដាច់ ទោះស្ថានភាពផ្លូវហុយ បែកល្អងធូលីសំពោងដោយសារបងប្អូនអ្នកជិះកង់ខាងមុខយ៉ាងណា ក៏មិនរាថយ យើងឆ្ពោះទៅមុខដ៏រាបដល់គោលដៅ។
សម្លេងកីតម្បាញ់ បានលាន់ចេញ ប៉ៈឆាងៗ ប៉ះនឹងសោតារម្មណ៍ដែលបញ្ជាក់ថា ទីនេះគឺជាកន្លែងត្បាញហូលផាមួង ដែលបន្តពីដូនតារបស់ខ្មែរយើង។ មិនយូរប៉ុន្មានយើងក៏បានដល់កោះដាច់ ដែលមានតម្រៀបដោយរោង កញ្ចុះ តូចៗដើម្បីទទួលភ្លៀវដែលមកកម្សាន្តគ្រាន់សម្រាកលំហែរកាយ ស្រូបខ្យល់ជំនោត្រជាក់ដែលបក់បោកតាមដងទន្លេមេគង្គមក។ ឆ្នេខ្សាច់សស្អាត គង្គារថ្លាឆ្វង់ គួរងូតលេងកម្សាន្ត។ សម្រាកបំបាត់ការនឿយហត់មួយសន្ទុះក្រោយ ក្រុមយើងបានត្រឡប់មកគេហដ្ឋានវិញ ដោយព្រះទិន្នករកាន់តែបង្កើនកំដៅពីមួយអង្សារ៍ឡើងទៅមួយទៀត ដោយមិនឈប់ឈរ។
សូមបងប្អូននាំគ្នាទៅលេងទីនោះឲ្យបានច្រើន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក។
Comments
Post a Comment