តើថ្ងៃនេះអ្នកបានធ្វើអ្វីខ្លះ?
មួយថ្ងៃបានកន្លងផុតទៅយ៉ាងលឿនណាស់ ធ្មេចបើកៗ យប់ជ្រៅ ដល់ម៉ោងចូលដំណេកបាត់ទៀតទៅហើយ។
ព្រឹកនេះខ្ញុំក្រោកតាំងព្រឹកមុនម៉ោងប្រាំ ហើយស្រាវជ្រាវអានអត្ថបទកាហ្វេយ៉ាងលម្អិតហើយសង្ខេបបន្ត។
លុះកូនក្រោកពីគេងហើយ នាំលេង អក្សរឈើព្យញ្ជនៈខ្មែរ ក ខ គ ឃ ង និងបង្រៀនរាប់លេខរហូតដប់។ កូនប្រុសខ្ញុំអាយុ៤ឆ្នាំ ដោយសារសម័យកូវីដ ទើបមិនបានចូលរៀនសាលាមត្តេយ្យ ដូចក្មេងនៃកូនអ្នកដទៃដែរ។
គំនូរគ្រួសារ ខាងស្តាំឪ កណ្តាលកូន ខាងឆ្វេងម៉ែ
ម៉ោងជិត៩ប្រពន្ធខ្ញុំ នាំកូនគូរសៀវភៅរូបភាព រួចទើបនាំកូនប្រលែងលេងប្តូរបរិយាកាសគ្រួសារ។
ម៉ោង១១ជាង ប្រពន្ធខ្ញុំធ្វើម្ហូប ឆាខ្ទឹបបារាំងសាច់ទា យ៉ាងឆ្ងាញ់ពិសារ ម៉ោង១២ជាងទើបយើងនាំគ្នាឆីអាហារថ្ងៃត្រង់ និងមើលទូរទស្សន៍កំដរអារម្មណ៍ សម្រាកពេលថ្ងៃ។
លុះប្រហែលម៉ោងពីររសៀល យើងនៃគ្នាជិះឡាំប្រឺតា ពីឬស្សីកែវ ឆ្ពោះទៅផ្លូវ៦០ម ដែលបានណាត់ជួបភ្ញៀវ ជូនទំនិញនៅជិតស្តុបម៉ាសឺដែស ហួសប្រហែល១០ម៉ែត្រ។
ដោយសារថ្ងៃទី៦ឧសភានេះ ជាទិវាបើកក្រុងឲ្យចរាចរណ៍ឡើងវិញ តាមដងផ្លូវជាតិលេងប្រាំពីឬស្សីកែវស្ពានបាលេទៅ សភាពដងផ្លូវ មមាញឹក មនុស្សម្នារធ្វើដំណើរយ៉ាងច្រើនហូតដល់ម្តុំស្ពានជ្រោយចង្វា មានការកកស្ទះបន្តិចបន្តួចទៀតផង។
តាមផ្លូវ៥១វិថីប៉ាស្ទ័រពីវត្តភ្នំទៅរហូតដល់បឹងកេងកងស្តុបអូឌី ខាងក្រោយស្ថានទូវៀតណាម ស្ថានភាពដងផ្លូវចរាចឬណ៍ធម្មតា ពុំកកស្ទះអ្វីឡើយ។ ចំណែកត្រង់ស្តុបក្បាលថ្នល់ ច្បារអំពៅវិញ មានការកកស្ទះបណ្តើរៗប៉ុន្តែក៏មានបងៗប៉ូលីសចរាចរណ៍នៅឈរជើងទីនោះចាំជួយសម្រួលដំណើរមិនឲ្យកកុញឡើយ។ ម៉ោងប្រហែលពីរ៤០នាទី ទើបយើងទៅដល់ស្តុបម៉ាសឺដែស លើផ្លូវ៦០ម៉េត្រ ដែលអតិថិជនរបស់ខ្ញុំនៅចាំទីនោះស្រាប់។
ក្រោយប្រគល់ទំនិញហើយ យើងត្រឡប់វិញដោយមិនទៅតាមផ្លូវព្រះនរោត្តមឡើយ គឺត្រឡប់មកតាមផ្លូវព្រះមុន្នីវង្ស ពេលរសៀលតាមដងវិថីនេះ ហាក់មមាញឹកណាស់ ត្រង់ស្តុបមួយកន្លែងៗមានម៉ូតូឡានកកុញ ធ្វើដំណើរទៅមក ជាធម្មតា ដោយសារជាថ្ងៃថ្មី ក្រោយបញ្ចប់Lockdownទីក្រុងដោយតំបន់ខ្លះ។
ម៉ោងប្រហែល៣កន្លះ ខ្ញុំបានមកដល់ផ្ទះ ហើយបានតាមដានពត៌មាន ក៏បានស្តាប់សារបន្ទាន់មួយរបស់សម្តេចតេជោហ៊ុន សែន ស្តីអំពីការជូនដំណឹង ដល់ប្រជាជន និងគណភិបាលខេត្តក្រុង បញ្ឈប់ការធ្វើចត្តាឡីស័កដល់ប្រជាជនដែលធ្វើដំណើរចេញចូលឆ្លងខេត្ត ឬធ្វើដំណើរក្នុងខេត្ត ដោយអមនឹងការពិនិត្យសម្រួលដល់ពលរដ្ឋ។
លុះម៉ោងជិតប្រាំល្ងាច យើងនៃកូនរៀនព្យញ្ជនៈខ្មែរបន្ត ដោយលេងជាល្បែងខ្ទប់ ដណ្តើមតួអក្សរ ខ្ញុំជាអ្នកហៅអក្សរដែលត្រូវរក ចំណែកប្រពន្ធខ្ញុំជាអ្នកជួយបង្ហាញកូនប្រុសដែលទើបនឹងរៀនចំណាំ។ សំឡេងសើចក្អាកក្អាយបានផ្ទះឡើងក្មុងបន្ទប់របស់យើង ដោយការដណ្តើមផង ការឱបថើបកូនប្រុសតែមួយរបស់យើងផង។ បន្ទាប់ពីលេងហើយមយើងនាំគ្នាងូតទឹក និងឆីបាយពេលល្ងាចបន្តជីវិត្តដូចធម្មតា។
យប់បន្តិចក្រោយកូនគេងលក់ហើយ ខ្ញុំបន្តសរសេរអត្ថបទប្រចាំថ្ងៃ និងអ្វីៗដែលខ្ញុំបានអាន មកដាក់ក្នុងប្លុកនេះ ទុកសម្រាប់រលឹករឿងចាស់ៗដែលកន្លងទៅ។
Comments
Post a Comment